អំពីពាក្យថាកប្ប
កាលដែលតាំងនៅយូរអង្វែងហៅថាកប្ប ជាឈ្មោះអាយុផែនដីឬជាឈ្មោះអាយុឱកាសលោក។ ដែលហៅថាឱកាសលោកនោះ ក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់ថា បានដល់ទីលំនៅរបស់សត្តនិករ ដែលមានសេចក្ដីវិនាសជាធម្មតា។ ក្នុងឱកាសលោកនោះ មានចក្កវាឡជាច្រើន ចក្កវាឡយើងមានបណ្ដោយនិងទទឹងប្រវែងមួយលានពីសែនបីពាន់៤រយហាសិបយោជន៍ (១.២០៣.៤៥០យោជន៍), បរិមណ្ឌលសំណុំមូលជុំវិញ បីលានប្រាំមួយសែនមួយម៉ឺនបីរយហាសិបយោជន៍ (៣.៦១០.៣៥០យោជន៍), កម្រាស់ផែនដីក្នុងចក្កវាឡនេះចំនួនពីរសែនបួនម៉ឺនយោជន៍ (២៤០.០០០យោជន៍), ទឹកទ្រផែនដីកម្រាស់បួនសែនប្រាំម៉ឺនយោជន៍ (៤៨០.០០០យោជន៍) មានភ្នំធំឈ្មោះសិនេរុ ចាឫសលិចទៅក្នុងសមុទ្រ ជម្រៅប្រាំបីម៉ឺនបួនពាន់យោជន៍ (៨៤.០០០យោជន៍), ខ្ពស់ឡើងលើប្រាំបីម៉ឺនបួនពាន់យោជន៍ដូចគ្នា, បន្ទាប់អំពីភ្នំសិនេរុនោះមក មានភ្នំសត្តិបរិភណ្ឌ៧ជាន់ទៀតគឺ
១- យុគន្ធរ មានកម្ពស់ ៤២.០០០យោជន៍
២- ឥសិន្ធរ មានកម្ពស់ ២១.០០០យោជន៍
៣- ករវីក មានកម្ពស់ ១០.៥០០យោជន៍
៤- សុទស្សន មានកម្ពស់ ៥.២៥០យោជន៍
៥- នេមិន្ធរ មានកម្ពស់ ២.៦២៥យោជន៍
៦- វិនតក មានកម្ពស់ ១.៣១២យោជន៍
៧- អស្សកណ្ណ មានកម្ពស់ ៦៥៦យោជន៍ពាក់កណ្ដាលកន្លះ។
ភ្នំទាំង៧នេះសុទ្ធតែជាភ្នំទិព្វវិចិត្រដោយរតនវត្ថុផ្សេងៗ មានមាសជាដើម, មានឫសលិចចុះទៅក្រោមពាក់កណ្ដាល ស្មើនឹងកម្ពស់ឡើងលើព័ន្ធព័ទ្ធជុំវិញភ្នំសិនេរុចម្ងាយពីភ្នំមួយទៅភ្នំមួយ ប្រវែងស្មើនឹងកម្ពស់ភ្នំនោះៗ ក្នុងចន្លោះទាំង៧នោះសុទ្ធតែសមុទ្រទឹកគ្មានសរសៃ ហៅថាសមុទ្រសីទន្តរ។
ភ្នំទាំង៧នេះជាទីលំនៅនៃស្ដេចចតុលោកបាលទាំង៤គឺ ព្រះបាទធតរដ្ឋ១ វិរូបក្ខ១ វិរុឡ្ហកៈ១ កុវេរៈ១ និងជាទីនៅជាទីទៅមកនៃទេវតានិងយក្សទាំងឡាយ មិនមែនជាវិស័យរបស់មនុស្សលោកទៅដោយមើលឃើញពិតបានប្រមាណត្រូវទេ មានតែព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយទើបទៅដល់មើលឃើញ ដឹងស្គាល់ដោយសព្វគ្រប់បាន។ ភ្នំធំឈ្មោះសិនេរុនោះមានភ្នំ៣ទល់ពីក្រោម ហៅថាភ្នំត្រៃកូដ ខាងលើកំពូលភ្នំសិនេរុនោះ ជាភូមិភាគរបស់សក្កទេវរាជ ហៅថាស្ថានតាវត្តិង្ស ខាងលើតទៅទៀត គឺស្ថានយាមា, តុសិតា, និម្មានរតី, បរនិម្មិតវសវតី។ ស្ថានទាំងនេះជាទីអាស្រ័យរបស់ពពួកទេវតាទាំងអស់ មិនមែនជាទីអាស្រ័យរបស់មនុស្សឡើយ។
ខាងលើតពីស្ថានទេវតាទៅទៀត ជាភូមិភាគរបស់ពួកព្រហ្មមានរូបនិងព្រហ្មគ្មានរូប។
ព្រហ្មមានរូបមាន១៦ស្ថានគឺ
១- បរិស្សជ្ជា
២- បុរោហោតា
៣- មហាព្រហ្មា
៤- បរិត្តាភា
៥- អប្បមាណាភា
៦- អាភាស្សរា
៧- បរិត្តសុភា
៨- អប្បមាណសុភា
៩- សុភកិណ្ហា
១០- វេហប្ផលា
១១- អញ្ញិសត្តា
១២- អវិហា
១៣- អតប្បា
១៤- សុទស្សា
១៥- សុទស្សី
១៦- អកនិដ្ឋា។
ព្រហ្មគ្មានរូបមាន៤ស្ថានគឺ
១- អាកាសានញ្ចាយតនៈ
២- វិញ្ញាណញ្ចាយតនៈ
៣- អាកិញ្ចញ្ញាណតនៈ
៤- នេវសញ្ញានាសញ្ញាយតនៈ។
ស្ថាននេវសញ្ញានាសញ្ញាយតនៈនេះ ជាស្ថានខាងលើបំផុតរបស់ភព របស់ឱកាសលោក។ ចម្ងាយពីទីបំផុតភពមកស្ថានមនុស្សលោកនោះ ឆ្ងាយក្រៃលែងឆ្ងាយនឹងកំណត់រាប់ជាប៉ុណ្ណេះប៉ុណ្ណោះយោជន៍មិនបាន។ ក្នុងគម្ពីរលោកទីបកៈ មានសម្ដែងប្រៀបធៀបថា
សព្វភវគ្គេ ឋត្វាន កូជាគារសហសិលា ចាតិតា តីហិ វស្សេហិ ទ្វិមាសេហិ ច អដ្ឋហិ វត្តិន្ទិវេហិ... ដូច្នេះជាដើម។ សេចក្ដីថា ទេវតាមានឫទ្ធិច្រើនស្ថិតនៅក្នុងទីបំផុតភព ហើយទម្លាក់នូវដុំថ្មប៉ុនផ្ទះ ពីកំពូលឲ្យធ្លាក់ចុះមកស្ថានមនុស្សលោក ធ្លាក់មកយូរអង្វែងណាស់ចំនួន៣ឆ្នាំ២ខែ៨ថ្ងៃនិង១៤នាទី ទើបមកដល់ស្ថានមនុស្ស ដុំថ្មនោះគ្រាន់តែសឹកដោយខ្យល់ដាច់អស់នៅសល់ប៉ុនផ្លែក្រូចសើចប៉ុណ្ណោះ។
បន្ទាប់អំពីនេះ នឹងសម្ដែងរៀបរាប់តាមគម្ពីរវិសុទ្ធិមគ្គជាដើមតទៅទៀត។ តាមតំណាលថា ភ្នំសេនេរុស្ថិតនៅកណ្ដាលចក្កវាឡ ភ្នំសត្តបរិភណ្ឌព័ទ្ធជុំវិញភ្នំសិនេរុ ផ្ទៃខាងក្រៅភ្នំសត្តបរិភណ្ឌនោះសុទ្ធតែទឹកទាំងអស់ មានទ្វីប៤ស្ថិតនៅក្នុងទិសទាំង៤ ឆ្ងាយដាច់ស្រយាលពីភ្នំសត្តបរិភណ្ឌ។
ដកស្រង់ចេញពីសៀវភៅ កប្បកថា
No comments:
Post a Comment