Saturday, October 29, 2016

ចរណៈ ១៥ យ៉ាង


វិជ្ជា៣ និង វិជ្ជា៨ត្រូវបានលើកយកមកនិយាយរួចហើយតាំងពីឆ្នាំមុន ដោយការឃ្លាតឆ្ងាយពី អាណាចក្រវ៉ឺដប្រេសមួយរយៈវែងធ្វើឲ្យមានការយឺតយូរ មិនបានបន្តនិយាយពីចរណៈ១៥ឲ្យ បានទាន់តាមតម្រូវការ។ ក្នុងអត្ថបទនេះនឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្នុងការសិក្សារិះគិតតទៅ។ 

ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌ សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។ ចរណៈទាង១៥ ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។

ពួកទី១ សីល
១-សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល។
២-ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦ បានដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។
៣-ភោជនេ មត្តញ្ញុតា សេចក្តីដឹងប្រមាណក្នុងភោជន។
៤-ជាគរិយានុយោគៈ ប្រកបរឿយៗក្នុងការភ្ញាក់រលឹក។


 ពួកទី២ សទ្ធម្ម ៧យ៉ាង
៥-សទ្ធា ការជឿហេតុផលដែលគួរជឿ។
៦-ហិរិ សេចក្តីខ្មាស់បាប។
៧-ឱតប្បៈ សេចក្តីតក់ស្លុតខ្លាចបាប។
៨-ពាហុសច្ចៈ ភាពជាអ្នករៀនសូត្រច្រើន។
៩-វីរយៈ សេចក្តីប្រឹងប្រែង។
១០-សតិ សេចក្តីរលឹកចាំបាន។
១១-បញ្ញា ការដឹងច្បាស់ទូទៅ។


 ពួកទី៣ រូបជ្ឈាន
ពាក្យថា “ឈាន” ប្រែថា “ការដុតកំដៅនូវនីវរណៈ, ការពិនិត្យសម្លឹងនូវអារម្មណ៍” ដើម្បី បង្វឹកចិត្តទាល់តែកើត អប្បនាសមាធិជាលំដាប់ តាំងពីឈានថ្នាក់ទាបរហូតដល់ ថ្នាក់ខ្ពស់។ 

១២-បឋមជ្ឈាន ឈានទី ១ ប្រកបដោយអង្គ៥ គឺ ១-វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរក អារម្មណ៍ដែលកំពុង ភាវនា។ ២-វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា។ ៣-បីតិ សេចក្ដីឆ្អែតចិត្ត ។ ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត។ ៥-ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅ ក្នុងអារម្មណ៍តែមួយ។

១៣-ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះនូវវិតក្កៈ និង វិចារៈ។
១៤-តតិយជ្ឈាន ឈានទី ៣ ប្រកបដោយអង្គ២ គឺសុខៈ ឯកគ្គតា។ លះវិតក្កៈ វិចារៈ និង បីតិ ។
១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះវិតក្កៈ វិចារៈ បីតិ និង សុខៈ។


ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន ជាឈានមានរូបធម៌ជាអារម្មណ៍រាប់បញ្ចូល ក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែ បឋមជ្ឈានប៉ុណ្ណោះ ក៏ជួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំង អស់។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិបូណ៌ដោយចរណៈទាំង១៥នេះឥតមានខ្វះចន្លោះត្រង់ណាឡើយ។


សិក្សាពាក្យ
រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ ។
អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។
រូបភព (រូប៉ៈភប់) កន្លែងកើតនៃរូបព្រហ្ម។
រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅ ក្នុងរូបភព ។
រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬថ្នាក់របស់រូបាវចរ ។
ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំ តាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួល អារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)
សិក្ខាបទ (–បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។
នីវរណៈ = ធម៌ដែលជាគ្រឿងរារាំងចិត្តមិនឲ្យបានសម្រេចសេចក្តីល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ
១- កាមច្ឆន្ទៈស្រឡាញ់
ចូលចិត្តក្នុងអារម្មណ៍មានរូបជាដើម ដែលជាទីគាប់ចិត្ត។
២- ព្យាបាទៈ ចងចិត្តគំនុំគុំគួនអ្នកដទៃ។
៣- ថីនមិទ្ធៈ ដំណើរដែលចិត្តរុញថយ និងដំណើរងុយងោកងក់។
៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរដែលចិត្តរាយមាយនិងរសាប់រសល់។
៥- វិចិកិច្ឆា សេចក្តីសង្ស័យមិនចេះដាច់ស្រេច។



Sunday, October 23, 2016

កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ

 
មាន​ប្រជាពុទ្ធបរិស័ទ​ទាំង​ឡាយ នាំ​គ្នា​ប្រារព្ធ​រាល់​ឆ្នាំ​ដោយ​មាន​ជំនឿ​ឬ​រំលឹក​ខួប​អង្គ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ​កាល​នៅ​ជា​ពោធិសត្វ។ កាល​ដែល​ព្រះអង្គ​យោន​យក​កំណើត​កើត​ជា​សត្វ​ទន្សាយ ដល់​ថ្ងៃពេញ​បូណ៌មី​វេលា​រាត្រី ព្រះចន្ទ​ពេញ​វង់​មាន​ពន្លឺ​ល្អ​សោភា ព្រះអង្គ​ក្រលេក​មើល​ព្រះចន្ទ​ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ប្រកប​ដោយ​ករុណា​ចិត្ត​ព្រះអង្គ​នឹក​គិត​ដូច្នេះ​ថា​បើ​អ្នក​ណា​ត្រូវ​ការ​សាច់​របស់​អញ អាត្មា​អញ នឹង​បំពេញ​ជីវិត​ជា​ទាន​ក្នុង​កាល​ឥឡូវ​នេះ។ អស្ចារ្យ​ណាស់​គ្រាន់​តែ​នឹក​គិត​ប៉ុណ្ណោះ ក៏ក្ដៅ​ដល់​អាសនៈ​ព្រះឥន្ទ​ស្ដេច​ទ្រង់​អាវជ្ជនាកា ឃើញ​ទន្សាយ​ព្រះពោធិសត្វ មាន​ករុណា​ជ្រះថ្លា​ចង់​បំពេញ​ទាន ក៏​ហោះ​ចុះ​មក​និម្មិត​ធ្វើ​ជា ព្រាហ្មណ៍​ចាស់​ជរា​ម្នាក់​ហើយ​មក​កាន់​សំណាក់​ទន្សាយពោធិសត្វ​រួច​បាន​ពោលថា​ខ្ញុំ​ដើរ​ផ្លូវ​ឆ្ងាយ​អត់​ឃ្លាន​គ្មាន​អាហារ​បរិភោគ​មក​យូរ​ថ្ងៃ​ហើយ​ជីវិត​របស់​ខ្ញុំ​នឹង​ក្ស័យ​ក្នុង​ថ្ងៃ​នេះ​ហើយ​បើ​មិន​បាន​អ្វី​នោះ! ធ្វើ​ដូចម្ដេច​នឹង​បាន​អាហារ​បរិភោគ​អ្ហេះ?

ពោធិសត្វ​ឆ្លើយថា​បើ​អ្នក​ត្រូវ​ការ​ចូល​រក​ឧស​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​ទៅ​ចុះ! ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​រួច​អ្នក​នឹង​បាន​សាច់​ខ្ញុំ​បរិភោគ។ ព្រាហ្មណ៍​ចាស់​តប​ថា​ខ្ញុំ​អរគុណណាស់ ហើយ​ក៏​រក​ឧស​បង្កាត់​ភ្លើង​ជា​គំនរ​យ៉ាង​ធំ​រួច​ហើយ ទន្សាយ​ពោធិសត្វ រលាស់​ខ្លួន​យ៉ាង​ស្អាត​លោត​ចូល​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ភ្លើង​នោះ​រលត់​អស់​ទៅ​សូម្បី​តែ​រោម​មួយ​សរសៃ​ក៏​មិន​ឆេះ​ផង។

ហេតុ​ដ៏​អស្ចារ្យ​នេះ​ហើយដែល​នាំ​ព្រាហ្មណ៍​ចាស់ ស្ងើច​សរសើរ​ហើយ​ឥន្ទព្រាហ្មណ៍ ក៏​ហោះ​ទៅ​យក​ថ្ម​កែវ​សិលា​មួយ​ដុំ​ទៅ​គូស​វាស​ភ្ជាប់​រូប​ទន្សាយ​ពោធិសត្វ​ក្នុង​វង់​ព្រះចន្ទ​នោះ​ទៅ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ខ្លះ​យល់​ថា​មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​រូប​ទន្សាយ​នៅ​រង្វង់​ព្រះចន្ទ។

ដោយ​មាន​ហេតុ​ដូច​បាន​ពោល​មក​នេះ​ហើយ​បាន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នាំ​គ្នា​គោរព​បូជា​ព្រះចន្ទ​សំពះ​ព្រះខែ​ជាប់​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ