ទ្វីប៤នោះគឺ
១- ជម្ពូទ្វីប
ស្ថិតនៅទិសខាងត្បូងភ្នំសិនេរុ មានដើមព្រីងប្រចាំទ្វីប
មនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិតដោយកសិកម្មនិងពាណិជ្ជកម្មជាដើម
ស្ត្រីមានគភ៌៩ខែឬ១០ខែទើបប្រសូតបុត្តធីតា។
២- ឧត្ដរកុរុទ្វីប
ស្ថិតនៅទិសខាងជើងភ្នំសិនេរុ មានដើមកប្បព្រឹក្សប្រចាំទ្វីប
មនុស្សក្នុងទ្វីបនោះមិនរវល់កង្វល់ដោយកសិកម្ម ពាណិជ្ជកម្មឡើយ
ចង់បានអ្វី ចង់បរិភោគចំណីអាហារបែបណា
គ្រាន់តែដើរទៅដល់ដើមកប្បព្រឹក្សបានដូចប្រាថ្នា
ស្ត្រីមានគភ៌៧ថ្ងៃប្រសូតបុត្តធីតា ប្រសូតបាន៧ថ្ងៃចេះដើរចេះរត់។
៣- អមរគោយានីទ្វីប
ស្ថិតនៅទិសខាងលិចភ្នំសិនេរុ មានដើមក្ទម្ពប្រចាំទ្វីប
មនុស្សក្នុងទ្វីបនោះមិនកង្វល់ដោយកសិកម្ម ពាណិជ្ជកម្មឡើយ
ព្រោះមានដួងកែវឲ្យសម្រេចសេចក្ដីប្រាថ្នាបានគ្រប់យ៉ាង។
៤- បុព្វវិទេហទ្វីប
ស្ថិតនៅទិសខាងកើតភ្នំសិនេរុ មានដើមច្រេសប្រចាំទ្វីប
មនុស្សក្នុងទ្វីបនោះមិនពិបាកនឿយអត់ដោយកសិកម្ម ពាណិជ្ជកម្មឡើយ
ព្រោះមានប្រាសាទ១វិចិត្ររចនាដោយកែវ៧ប្រការកម្ពស់១៥យោជន៍
ឲ្យសម្រេចសេចក្ដីត្រូវការរបស់មនុស្សបានគ្រប់យ៉ាង។
បណ្ដាទ្វីបទាំង៤នោះ
ព្រះពុទ្ធគ្រប់ព្រះអង្គមិនដែលឧប្បត្តិកើតក្នុងទ្វីបទាំង៣ទេ
ទ្រង់ឧប្បត្តិកើតតែក្នុងជម្ពូទ្វីបមួយប៉ុណ្ណោះ
ព្រោះទ្វីបទាំងបីជាទ្វីបសម្រាប់សត្វសោយផលរបស់សុចរិតធម៌
មិនមែនជាទ្វីបសម្រាប់សាងសុចរិតធម៌ដូចជម្ពូទ្វីបឡើយ។
ក្នុងជម្ពូទ្វីបមានភ្នំហិមវន្ត
កម្ពស់ប្រាំរយយោជន៍ (៥០០យោជន៍) បណ្ដោយនិងទទឹងប្រវែងបីពាន់យោជន៍
(៣.០០០យោជន៍) មានកំពូលប្រាំបីម៉ឺនបួនពាន់យោជន៍ (៨៤.០០០យោជន៍)។
ទំហំដើមឈើប្រចាំទ្វីបទាំង៤គឺ
ជម្ពូព្រឹក្ស
ដើមព្រីងក្នុងជម្ពូទ្វីប១, កប្បព្រឹក្ស
ដើមកប្បក្នុងឧត្តរកកុរុទ្វីប១, កទម្ពព្រឹក្ស
ដើមក្ទម្ពក្នុងអមរគោយានីទ្វីប, សិរីសព្រឹក្ស
ដើមច្រេសក្នុងបុព្វវិទេហទ្វីប១និងបារិច្ហត្តព្រឹក្ស
ដើមរលួសផ្អុងក្នុងស្ថានតាវត្តឹង្ស១, បាដលីព្រឹក្ស
ដើមជ្រនៀងរបស់ពួកអសុរ១, សិម្ពលីព្រឹក្ស ដើមរការបស់ពួកគ្រុឌ១
ឈើទាំងអស់នេះសុទ្ធតែជាស្ដេចនៃរុក្ខជាតិ
មានអាយុវែងតាំងនៅអស់១កប្ប
មានទំហំនិងកម្ពស់ជាដើមប៉ុនគ្នាទាំងអស់គឺ
មានសំណុំជុំវិញដើមចំនួនដប់ប្រាំយោជន៍ (១៥យោជន៍)
បណ្ដោយនិងដើមបណ្ដោយមែក
ដែលបែកទៅជុំវិញដើមម្ខាងនិងកម្ពស់មែកទៅខាងលើចំនួនមួយរយយោជន៍(១០០យោជន៍)។
ទំហំទ្វីបទាំង៤គឺ
ជម្ពូទ្វីបនិងស្ថានតាវត្តិង្ស,
ស្ថានអសុរ, ស្ថាននរកអវិចី មានទំហំមួយម៉ឺនយោជន៍ដូចគ្នា
(១០.០០០យោជន៍) អមរគោយានីទ្វីបនិងបុព្វវិទេហទ្វីប មានទំហំពីរពាន់យោជន៍
(២.០០០យោជន៍), ឧត្តរកុរុទ្វីប មានទំហំប្រាំបីពាន់យោជន៍(៨.០០០យោជន៍)។
ទ្វីបទាំង៤នេះ ទ្វីបនីមួយៗមានទ្វីបតូចៗប្រាំរយៗជាបរិវារ
រួមនៅក្នុងចក្កវាឡមួយ ជុំវិញ ចក្កវាឡមានភ្នំធំវែងជុំវិញ
ភ្នំនោះចាក់ឫសចុះទៅក្នុងមហាសមុទ្រជម្រៅប្រាំបីម៉ឺនពីពាន់យោជន៍
(៨២.០០០យោជន៍) ដុះខ្ពស់ឡើងលើមានកម្ពស់ប្រាំបីម៉ឺនពីរពាន់យោជន៍ដែរ។
បញ្ជាក់សេចក្ដី
លោកថាលោកធាតុនិងចក្កវាឡ
ជាពាក្យមួយ គ្រាន់តែផ្សេងគ្នាដោយសេចក្ដីប៉ុណ្ណោះទេ។
ក្នុងលោកធាតុមួយឬចក្កវាឡមួយមានទ្វីបធំ៤ទ្វីបតូចៗ៥រយ,
មានភ្នំសិនេរុ, ភ្នំសត្តបរិភណ្ឌ, ស្ថានសួគ៌៦ជាន់, ស្ថានព្រហ្ម,
ស្ថានមនុស្សនិងស្ថាននរកជាដើម ហើយមានព្រះអាទិត្យ ព្រះចន្ទ។
ព្រះអាទិត្យនោះមានទំហំ៥០យោជន៍ ព្រះចន្ទមានទំហំ៤៩យោជន៍
ជាវិមានប្រាសាទរបស់សុរិយទេវបុត្រនិងចន្ទទេវបុត្រ,
សង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោក
មានប្រក្រតីដើរប្រទក្សិណភ្នំសិនេរុជានិច្ច
ព្រះអាទិត្យក្នុងមួយយប់មួយថ្ងៃដើរបានមួយជុំភ្នំសិនេរុ,
ព្រះចន្ទដើរមួយខែទើបបានមួយជុំភ្នំសិនេរុ។
រួបរួមសម្ភារៈទាំងអស់ដូចរៀបរាប់មកនេះហៅថា
លោកធាតុមួយឬចក្រវាឡមួយ។
ដកស្រង់ចេញពីសៀវភៅ កប្បកថា
No comments:
Post a Comment