Sunday, October 2, 2016

រឿង​ហង្ស​និង​ក្អែក

រឿង​ហង្ស​និង​ក្អែក
 (ចាក គ.ប.)
(ការ​ដែល​នៅ​ជិត​ជន​អសប្បុរស​តែង​មាន​ទុក្ខ)
 នៅ​តាម​ផ្លូវ​ទៅ​កាន់​ក្រុង​ឧជ្ជយិនី មាន​ដើម​ឈើ​ធំ​មួយ មាន​មែក​ទ្រឈឹង​ទ្រឈៃ ។ សត្វ​ហង្ស​និង​ក្អែក​អាស្រ័យ​នៅ​ដើម​ឈើ​នោះ ។ នៅ​រដូវ​ក្តៅ មាន​អ្នក​ដំណើរ​ម្នាក់​ដើរ​មក​ដល់​អស់​កម្លាំង​ណាស់ ឃើញ​ម្លប់​ត្រជាក់​ស្រួល​ដាក់​ធ្នូ​និង​សរ​ក្បែរ​គល់​ឈើ​ប្រាស់​ខ្លួន​ដេក​លង់​លក់​ទៅ ។ ក្រោយ​បន្តិច មក​ម្លប់​ដើម​ឈើ​នោះ​រេ​បែរ​ឃា្លត​ចេញ​ពី​មុខ​អ្នក​ដំណើរ​នោះ ។

កាល​នោះ​ហង្ស​ទំនៅ​លើ​ដើម​នោះ ក្រឡេក​ទៅ​ឃើញ​មុខ​អ្នក​ដំណើរ​ចាំង​ដោយ​កំដៅ​ព្រះ​អាទិត្យ កើត​មាន​ចិត្ត​ល្អ​ជា​ចិត្ត​បុណ្យ​ដ៏​ត្រជាក់​ត្រជុំ ទើប​កាង​ស្លាប​ខ្លួន​បាំង​កំដៅ​ព្រះ​អាទិត្យ​ម្លប់​ទៅ​ចំមុខ​អ្នក​ដំណើរ​នោះ​ដោយ​ចិត្ត​អាណិត ។ រី​ឯ​អ្នក​ដំណើរ​កំពុង​អស់​កម្លាំង​ខ្លាំង​បាន​ម្លប់​ត្រជាក់​ស្រួល​ក៏​ដេក​លក់​ស៊ប់​ច្រហរ​មាត់​ធ្លុង​ ។

គ្រា​នោះ​ឯង​ក្អែក​ដែល​នៅ​ជា​មួយ​គ្នា​ជា​សត្វ​មាន​ចិត្ត​អាក្រក់ ជា​សភាព​ទុជិន​ពី​កំណើត​តែង​ច្រណែន​ជន​ដទៃ​ជា​និច្ច​មិន​ចង់​ឲ្យ​គេ​បាន​សេចក្តី​សុខ​សោះ​ក៏​បន្ទោ​បង់​អាចម៍​ខ្លួន​ឲ្យ​ធ្លាក់​ទៅ​ចំប៉ាច់​ក្នុង​មាត់​នៃ​អ្នក​ដំណើរ​នោះ​ហើយ​ហើរ​ចេញ​បាត់​ទៅ​ភ្លាម ។អ្នក​ដំណើរ​ត្រូវ​អាចម៍​ក្អែក​មួយ​ដុំ​ចំ​មាត់​ក្នាញ់​ណាស់! ក្រោក​ក្រទី​ក្រទា​ឡើង ក្រឡេក​មើល​ទៅ​លើ​ឃើញ​តែ​ហង្ស​មិន​ឃើញ​ក្អែក ក៏​ចាប់​ទាញ​ធ្នូ​មក ហើយ​បាញ់​តម្រង់​ទៅ​ត្រូវ​ស្លាប់​ទៅ​ហោង ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក



No comments:

Post a Comment