Saturday, October 15, 2016

ពោធិបក្ខិយធម៌៣៧

ពោធិបក្ខិយធម៌៣៧

ក្នុងព្រះពុទ្ធសាសនាពោធិបក្ខិយធម៌ គឺជាគុណធម៌ដែលជាហេតុឬទាក់ទង(បក្ខិយ)ទៅនឹងការត្រាស់ដឹង (ពោធិ) ។
ក្នុងអដ្ឋកថាបាលីពាក្យពោធិបក្ខិយធម៌ត្រូវគេយកមកប្រើដើម្បីបង្ហាញធម៌៧យ៉ាង ដែលតែងលើកយកមករាប់រៀបដោយព្រះពុទ្ធក្នុងគម្ពីរបាលី។នៅក្នុងគុណធម៌៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌និមួយៗទាំងអស់៣៧ប្រការ
(សត្តតឹសពោធិបក្ខិយធម្មា)។ពោធិបក្ខិយធម៌នេះត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទនិងមហាយានទទួលស្គាល់ថាជាធម៌បំពេញដល់ផ្លូវទៅកាន់ ការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា។តាមកំណត់ក្នុងគម្ពីរបាលីភាវនានុយុត្តសូត្រ (អង្គុត្តរនិកាយ៧.៦៧)ព្រះពុទ្ធមានព្រះបន្ទូលថា៖ម្នាលភិក្ខុទាំងឡាយ! ទោះបីភិក្ខុណាមួយដែលមិនដាក់ខ្លួនក្នុងការចំរើនសមាធិចិត្ត អាចមានបំណង
យ៉ាងនេះថាឱ!សូមឲ្យចិត្តរបស់អាត្មាអញរួចរំដោះពីឧបាទាន,ចិត្តរបស់ភិក្ខុនោះ នៅតែមិនរួចរំដោះដដែល។តើមកពីហេតុអ្វី?គេអាចនិយាយថាមកពីភិក្ខុនោះ មិនធ្វើឲ្យចិត្តចម្រើនឡើង។តើមិនចម្រើនឡើងក្នុងអ្វី?ក្នុងសតិបដ្ឋាន៤
សម្មប្បធាន៤ឥទ្ធិបាទធម៌៤ឥន្រ្ទិយ៥ពលៈ៥ពោជ្ឈង្គ៧និងអរិយអដ្ឋង្គិកមគ្គ៨។ នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និងគម្ពីរផ្សេងៗពីជំនាន់ដើម 
ធម៌ ៧កង ដែលមាន ៣៧ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង
 មានការរៀបរាប់ដូចតទៅនេះ៖

សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍  
២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍  
៣- ចិត្តានុបស្សនា សតិរឭកពិចារណាចិត្ត ជាអារម្មណ៍  
៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍

សតិបដ្ឋាន មកពីពាក្យ សតិ=ការរឭក ការប្រុងស្មារតី និងពាក្យ 
បដ្ឋាន=គ្រឹះ មូលដ្ឋាន។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូល
តែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់
សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោ
មនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យ
ជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ១៧ ទំព័រ២៤៤) ។ 
សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើនកម្មដ្ឋានទាំង ២យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង
(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ 
និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅ
កាន់ ព្រះនិព្វាន ជាទីបរមសុខ ។

សម្មប្បធាន៤សម្មប្បធានមាន៤គឺៈ
១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
 ២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
 ៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
 ៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។

សម្មប្បធាន បានដល់សេចក្តីព្យាយាមដ៏ឧត្តម៤យ៉ាង ដែលជា
ចំណែកនៃផ្លូវទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យ
លើការយល់ដឹង នូវការកើតនិងការមិនកើត នៃនាម
ធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅហើយ និងសតិរ
ឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់
។ សម្មប្បធានជំរុញយើងឲ្យលះបង់ធម៌ដែលជាអកុសល
ហើយធ្វើឲ្យកុសលធម៌រីកចម្រើនឡើង ។ សម្មប្បធានគឺជា
សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ហើយនិងវិរិយិន្រ្ទិយ
 ក្នុងឥន្រ្ទិយ៥ ។
ឥទ្ធិបាទធម៌៤ ឥទ្ធិបាទធម៌ជាគ្រឿងឲ្យសម្រេចផលមាន ៤គឺៈ

១- ឆន្ទៈ សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ
 ២- វិរិយៈ សេចក្តីព្យាយាមប្រកបកិច្ចការ
៣- ចិត្តៈ សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ  
៤- វីមំសា សេចក្តីឧស្សាហ៍ត្រិះរិះពិចារណារកហេតុផលក្នុងកិច្ចការ ។

ឥទ្ធិបាទធម៌ គឺគុណធម៌ជាគ្រឿងឲ្យសម្រេចប្រយោជន៍ ។ ក្នុង
ព្រះពុទ្ធសាសនា ពាក្យថាឥទ្ធិសំដៅយកឬទ្ធិខាងផ្លូវចិត្តឬផ្លូវជំនឿ
សាសនាដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង
ឥទ្ធិបាទធម៌៤នេះជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ
(សំយុត្តនិកាយលេខ៥១.២)មានសេចក្តីថាៈ ម្នាលភិក្ខុ! អ្នកដែលមិន
ខ្វល់ខ្វាយចំពោះឥទ្ធិបាទ គឺជាអ្នករាយមាយចំពោះអរិយមគ្គដែលនាំ
ផ្លូវទៅកាន់ទីបំផុតនៃ ទុក្ខ ។ អ្នកដែលទទួលយកឥទ្ធិបាទ
 គឺជាអ្នកទទួលយកអរិយមគ្គ ដែលនាំ
ផ្លូវទៅកាន់ទីបំផុតនៃទុក្ខ ។ មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការ
ចម្រើនសមាធិលើឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយ
នៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើនជាប់ជាមួយនឹងសម្មប្បធាន
ដូចជាការចម្រើនសមាធិលើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ ម្នាលភិក្ខុ!
 កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ
 នេះហៅថាឆន្ទៈសមាធិ ។
 ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុសលធម៌ ដែលមិនទាន់កើតឡើង
 មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល
ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង
 ដើម្បីបោះបង់ចោលនូវសភាវៈនៃអកុសលធម៌ដែលបានកើតឡើងហើយ…
ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើតឲ្យកើតឡើងបានដើម្បីរក្សាទុកនូវ
សភាវៈនៃកុសលធម៌ដែលបាន កើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញ
សេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ
 និងឆន្ទៈសមាធិ និងវិរិយសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកប
ដោយឆន្ទសមាធិ និងវិរិយសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ៣ទៀត
 តាមរបៀបដូចគ្នាដែរ ។

ឥន្រ្ទិយ ៥ ឥន្រ្ទិយធម៌ជាធំមាន៥ គឺៈ
១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
២- វិរិយិន្រ្ទិយ វិរិយៈជាធំ  
៣- សតិន្រ្ទិយ សតិជាធំ  
៤- សមាធិន្រ្ទិយ សមាធិជាធំ
 ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។

ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែលជាធំក្នុងការ
គ្រប់គ្រងត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាចជាធំលើពួកទេវតា ។
 ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (
ឥន្រ្ទិយ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ
ពោធិបក្ខិយធម៌៣៧ ។

១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះការត្រាស់ដឹងនៃព្រះពុទ្ធ ។
 ២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។  
៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។

ក្នុងអង្គុត្តរនិកាយ ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយ
ទាំង៥នេះ ។ ព្រះអង្គមានបន្ទូលទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖
សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្តខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ ៤៧) ។
សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុងការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៧)។

បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨) ។ បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈានរបៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញាឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។ ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំឲ្យចិត្តភ្លាត់ចុះទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិលតាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។ ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅកណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វាហើយ ធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំក្នុងការទប់ទល់នឹងសត្រូវរបស់វា ។

ពលៈ៥ ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥ គឺៈ
១- សទ្ធាពលៈ កម្លាំងគឺសទ្ធា
២- វិរិយពលៈ កម្លាំងគឺសេចក្តីព្យាយាម  
៣- សតិពលៈ កម្លាំងគឺសតិ
 ៤- សមាធិពលៈ កម្លាំងគឺសមាធិ
  ៥- បញ្ញាពលៈ កម្លាំងគឺបញ្ញា

ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូចឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះ
នៅកណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ។ពោជ្ឈង្គ៧ ពោជ្ឈង្
គ អង្គជាធម៌នៃការត្រាស់ដឹង មាន៧គឺៈ

១-សតិ សេចក្តីរឭកបាន
២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
៣- វិរិយៈ សេចក្តីព្យាយាម
៤- បីតិ សេចក្តីឆ្អែតចិត្ត
៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។


ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ៧បានដល់អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។
 ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។ នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា
 មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បីសម្រេចឈាននិងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថាៈ សតិខ្លាំងក្លា…គេត្រូវការវាគ្រប់កាលៈទេសៈ កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។ កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើន
អង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។ ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌២ក្នុង
នីវរណ៥ គឺថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និងឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។
តាមសំយុត្តនិកាយ ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមក
ចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមក
ចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល
ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិន
ប្រកបដោយផល ។

អរិយអដ្ឋង្គិកមគ្គ៨អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ
១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
 ២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
៣- សម្មាវាចា វាចាត្រូវ
៤- សម្មាកម្មន្ត ការងារត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
 ៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
 ៧- សម្មាសតិ សេចក្តីរឭកត្រូវ  
៨- សម្មាសមាធិ សមាធិត្រូវ

អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេច
ការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត)ហើយផ្តាច់ឫសលោភៈ ទោសៈ មោហៈ មិនឲ្យសេសសល់ ។
 អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយសច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ
(សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះ
ម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូបនៃព្រះពុទ្ធសាសនា ជាទូទៅ
អរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។
ពោធិបក្ខិយធម៌ ៤៣ ក្នុងគម្ពីរបាលីនេត្តិសូត្រ ១១២ និង ២៣៧ ពោធិបក្ខិយធម៌៤៣ បានយកមករាប់ដោយមានពោធិបក្ខិយ៣៧ នៅក្នុងនោះផងៈ

ត្រៃលក្ខណ៍ ៣
១- អនិច្ចំ ២- ទុក្ខំ ៣- អនត្តា
បហាន (រលាស់ចោលនូវទុក្ខ)  
វិរាគៈ (ការសូន្យទៅនៃរាគៈ) សម្រេចអរហត្ត  
និរោធៈ (ការកំចាត់បង់នូវអាសវៈទាំងពួង) បានដល់ព្រះនិព្វាន

មហាបរិនិព្វានសូត្រក្នុងទីឃនិកាយ១០ មហានិព្វានសូត្រ ដែលរ៉ាយរ៉ាប់អំពីថ្ងៃចុងក្រោយរបស់ព្រះពុទ្ធ ព្រះអង្គមានព្រះបន្ទូល ទៅកាន់អង្គប្រជុំថាៈ
 ឥឡូវនេះ ម្នាលភិក្ខុទាំងឡាយ! តថាគតប្រាប់អ្នកអំពីការប្រៀនប្រដៅរបស់តថាគត ដែលតថាគតបានដឹងដោយការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយថាការ ប្រៀនប្រដៅទាំងនោះ អ្នកគប្បីសិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង បដិបត្តិជាញឹកញយ ដែលសេចក្តីបរិសុទ្ធនៃការរស់នៅ អាចសម្រេចបាន ហើយតាំងនៅយូរ ដើម្បីសុខមាលភាព និងសេចក្តីរីករាយជាច្រើន ដែលចេញមកអំពីករុណាចំពោះលោក ដើម្បីផលប្រយោជន៍ សេចក្តីសុខសាន្ត និងសេចក្តីរីករាយនៃទេព្តានិងមនុស្ស ។ ហើយអ្វី ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅទាំងនោះ? គឺសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ ហើយនិងអរិយអដ្ឋង្គិកមគ្គ៨ ។ ធម៌ទាំងអស់នេះហើយ ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅ ដែលតថាគតបានមក ពីការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយ ថាការប្រៀនប្រដៅទាំងនោះ អ្នកគប្បី សិក្សាដោយ
ហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង ហើយបដិបត្តិជាញឹកញយ…។

No comments:

Post a Comment