Saturday, October 29, 2016

ចរណៈ ១៥ យ៉ាង


វិជ្ជា៣ និង វិជ្ជា៨ត្រូវបានលើកយកមកនិយាយរួចហើយតាំងពីឆ្នាំមុន ដោយការឃ្លាតឆ្ងាយពី អាណាចក្រវ៉ឺដប្រេសមួយរយៈវែងធ្វើឲ្យមានការយឺតយូរ មិនបានបន្តនិយាយពីចរណៈ១៥ឲ្យ បានទាន់តាមតម្រូវការ។ ក្នុងអត្ថបទនេះនឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្នុងការសិក្សារិះគិតតទៅ។ 

ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌ សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។ ចរណៈទាង១៥ ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។

ពួកទី១ សីល
១-សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល។
២-ឥន្ទ្រិយសំវរៈ សង្រួមឥន្ទ្រិយទាំង ៦ បានដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។
៣-ភោជនេ មត្តញ្ញុតា សេចក្តីដឹងប្រមាណក្នុងភោជន។
៤-ជាគរិយានុយោគៈ ប្រកបរឿយៗក្នុងការភ្ញាក់រលឹក។


 ពួកទី២ សទ្ធម្ម ៧យ៉ាង
៥-សទ្ធា ការជឿហេតុផលដែលគួរជឿ។
៦-ហិរិ សេចក្តីខ្មាស់បាប។
៧-ឱតប្បៈ សេចក្តីតក់ស្លុតខ្លាចបាប។
៨-ពាហុសច្ចៈ ភាពជាអ្នករៀនសូត្រច្រើន។
៩-វីរយៈ សេចក្តីប្រឹងប្រែង។
១០-សតិ សេចក្តីរលឹកចាំបាន។
១១-បញ្ញា ការដឹងច្បាស់ទូទៅ។


 ពួកទី៣ រូបជ្ឈាន
ពាក្យថា “ឈាន” ប្រែថា “ការដុតកំដៅនូវនីវរណៈ, ការពិនិត្យសម្លឹងនូវអារម្មណ៍” ដើម្បី បង្វឹកចិត្តទាល់តែកើត អប្បនាសមាធិជាលំដាប់ តាំងពីឈានថ្នាក់ទាបរហូតដល់ ថ្នាក់ខ្ពស់។ 

១២-បឋមជ្ឈាន ឈានទី ១ ប្រកបដោយអង្គ៥ គឺ ១-វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរក អារម្មណ៍ដែលកំពុង ភាវនា។ ២-វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា។ ៣-បីតិ សេចក្ដីឆ្អែតចិត្ត ។ ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត។ ៥-ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅ ក្នុងអារម្មណ៍តែមួយ។

១៣-ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះនូវវិតក្កៈ និង វិចារៈ។
១៤-តតិយជ្ឈាន ឈានទី ៣ ប្រកបដោយអង្គ២ គឺសុខៈ ឯកគ្គតា។ លះវិតក្កៈ វិចារៈ និង បីតិ ។
១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះវិតក្កៈ វិចារៈ បីតិ និង សុខៈ។


ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន ជាឈានមានរូបធម៌ជាអារម្មណ៍រាប់បញ្ចូល ក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែ បឋមជ្ឈានប៉ុណ្ណោះ ក៏ជួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំង អស់។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិបូណ៌ដោយចរណៈទាំង១៥នេះឥតមានខ្វះចន្លោះត្រង់ណាឡើយ។


សិក្សាពាក្យ
រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ ។
អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។
រូបភព (រូប៉ៈភប់) កន្លែងកើតនៃរូបព្រហ្ម។
រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅ ក្នុងរូបភព ។
រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬថ្នាក់របស់រូបាវចរ ។
ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំ តាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួល អារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)
សិក្ខាបទ (–បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។
នីវរណៈ = ធម៌ដែលជាគ្រឿងរារាំងចិត្តមិនឲ្យបានសម្រេចសេចក្តីល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ
១- កាមច្ឆន្ទៈស្រឡាញ់
ចូលចិត្តក្នុងអារម្មណ៍មានរូបជាដើម ដែលជាទីគាប់ចិត្ត។
២- ព្យាបាទៈ ចងចិត្តគំនុំគុំគួនអ្នកដទៃ។
៣- ថីនមិទ្ធៈ ដំណើរដែលចិត្តរុញថយ និងដំណើរងុយងោកងក់។
៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរដែលចិត្តរាយមាយនិងរសាប់រសល់។
៥- វិចិកិច្ឆា សេចក្តីសង្ស័យមិនចេះដាច់ស្រេច។



Sunday, October 23, 2016

កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ

 
មាន​ប្រជាពុទ្ធបរិស័ទ​ទាំង​ឡាយ នាំ​គ្នា​ប្រារព្ធ​រាល់​ឆ្នាំ​ដោយ​មាន​ជំនឿ​ឬ​រំលឹក​ខួប​អង្គ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ​កាល​នៅ​ជា​ពោធិសត្វ។ កាល​ដែល​ព្រះអង្គ​យោន​យក​កំណើត​កើត​ជា​សត្វ​ទន្សាយ ដល់​ថ្ងៃពេញ​បូណ៌មី​វេលា​រាត្រី ព្រះចន្ទ​ពេញ​វង់​មាន​ពន្លឺ​ល្អ​សោភា ព្រះអង្គ​ក្រលេក​មើល​ព្រះចន្ទ​ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ប្រកប​ដោយ​ករុណា​ចិត្ត​ព្រះអង្គ​នឹក​គិត​ដូច្នេះ​ថា​បើ​អ្នក​ណា​ត្រូវ​ការ​សាច់​របស់​អញ អាត្មា​អញ នឹង​បំពេញ​ជីវិត​ជា​ទាន​ក្នុង​កាល​ឥឡូវ​នេះ។ អស្ចារ្យ​ណាស់​គ្រាន់​តែ​នឹក​គិត​ប៉ុណ្ណោះ ក៏ក្ដៅ​ដល់​អាសនៈ​ព្រះឥន្ទ​ស្ដេច​ទ្រង់​អាវជ្ជនាកា ឃើញ​ទន្សាយ​ព្រះពោធិសត្វ មាន​ករុណា​ជ្រះថ្លា​ចង់​បំពេញ​ទាន ក៏​ហោះ​ចុះ​មក​និម្មិត​ធ្វើ​ជា ព្រាហ្មណ៍​ចាស់​ជរា​ម្នាក់​ហើយ​មក​កាន់​សំណាក់​ទន្សាយពោធិសត្វ​រួច​បាន​ពោលថា​ខ្ញុំ​ដើរ​ផ្លូវ​ឆ្ងាយ​អត់​ឃ្លាន​គ្មាន​អាហារ​បរិភោគ​មក​យូរ​ថ្ងៃ​ហើយ​ជីវិត​របស់​ខ្ញុំ​នឹង​ក្ស័យ​ក្នុង​ថ្ងៃ​នេះ​ហើយ​បើ​មិន​បាន​អ្វី​នោះ! ធ្វើ​ដូចម្ដេច​នឹង​បាន​អាហារ​បរិភោគ​អ្ហេះ?

ពោធិសត្វ​ឆ្លើយថា​បើ​អ្នក​ត្រូវ​ការ​ចូល​រក​ឧស​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​ទៅ​ចុះ! ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​រួច​អ្នក​នឹង​បាន​សាច់​ខ្ញុំ​បរិភោគ។ ព្រាហ្មណ៍​ចាស់​តប​ថា​ខ្ញុំ​អរគុណណាស់ ហើយ​ក៏​រក​ឧស​បង្កាត់​ភ្លើង​ជា​គំនរ​យ៉ាង​ធំ​រួច​ហើយ ទន្សាយ​ពោធិសត្វ រលាស់​ខ្លួន​យ៉ាង​ស្អាត​លោត​ចូល​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ភ្លើង​នោះ​រលត់​អស់​ទៅ​សូម្បី​តែ​រោម​មួយ​សរសៃ​ក៏​មិន​ឆេះ​ផង។

ហេតុ​ដ៏​អស្ចារ្យ​នេះ​ហើយដែល​នាំ​ព្រាហ្មណ៍​ចាស់ ស្ងើច​សរសើរ​ហើយ​ឥន្ទព្រាហ្មណ៍ ក៏​ហោះ​ទៅ​យក​ថ្ម​កែវ​សិលា​មួយ​ដុំ​ទៅ​គូស​វាស​ភ្ជាប់​រូប​ទន្សាយ​ពោធិសត្វ​ក្នុង​វង់​ព្រះចន្ទ​នោះ​ទៅ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ខ្លះ​យល់​ថា​មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​រូប​ទន្សាយ​នៅ​រង្វង់​ព្រះចន្ទ។

ដោយ​មាន​ហេតុ​ដូច​បាន​ពោល​មក​នេះ​ហើយ​បាន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នាំ​គ្នា​គោរព​បូជា​ព្រះចន្ទ​សំពះ​ព្រះខែ​ជាប់​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ

Saturday, October 15, 2016

ពុទ្ធគុណ

មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែល​ធ្លាប់​តែ​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែ​មិន​បាន​ដឹង​អំពី​សេចក្តី​ប្រែ ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យ ៗ ទៅ​មិន​ដឹង​ជា​មាន​សេចក្តី​ប្រែ​យ៉ាង​នោះ​ទេ ។

ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្តារ​យ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មី ៗ ងាយ​ស្រួល ក្នុងការ​សិក្សា​យល់​ដឹង​អំពី​គុណ​ព្រះសម្មាសម្ពុទ្ធ​មួយ​ចំណែក​ដែរ សូម​ញាតិ​ញោម​អាន​សេចក្តី និង​យក​ចិត្ត​ទុក​ដាក់​ដោយ​គោរព​ចុះ ពុទ្ធ​គុណ គឺ​ជា​សេចក្តី​ល្អ​របស់​ព្រះសម្មាសម្ពុទ្ធ​មាន ១០ យ៉ាង​គឺ៖


១  ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគ​អង្គ​នោះ​ទ្រង់​ព្រះ​នាមថា អរហំ
 ព្រះអង្គ​ឆ្ងាយ​ចាក​សឹក​សត្រូវ ពោល​គឺ​កិលេស​ព្រម​ទាំង​វាសនា គឺ​កាយ​យោគ
 និង​វចីបយោគ ។

២  សម្មាសម្ពុទ្ធោ  ទ្រង់​ព្រះ​នាម​ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ

​ញេយ្យធម៌​ទាំង​ពួង​ដោយ​ប្រពៃ ចំពោះ​ព្រះអង្គ​ឥតមាន​គ្រូអាចារ្យ​ណា​ប្រដៅ
​ព្រះអង្គ​ឡើយ ។

៣  វិជ្ជាចរណសម្បន្នោ   ទ្រង់​ព្រះនាម​ថា  វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះ​អង្គ 

បរិបូណ៌​ដោយ​វិជ្ជា ៣ និង​វិជ្ជា ៨ និង​ចរណៈ ១៥ ។

៤  សុគតោ  ទ្រង់​ព្រះនាមថា  សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណោះ​ល្អ​យាង

​ទៅ​កាន់​សុន្ទរស្ថាន គឺ​អមតមហានិព្វាន ។

៥  លោកវិទូ ទ្រង់​ព្រះនាម​ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់នូវ​ត្រៃលោក ។

៦  អនុត្តរោ  ទ្រង់​ព្រះនាម​ថា  អនុត្តរោ  ព្រោះ​ព្រះអង្គ​ប្រសើរ​ដោយសីលា​

ទិគុណ​រកបុគ្គល​ណា​មួយ​ស្មើ​គ្មាន ។

៧  បុរិសទម្មសារថិ   ទ្រង់​ព្រះនាម​ថា បុរិសទម្មសារថិ  ព្រោះ​ព្រះអង្គ​ជា​អ្នក

​ទូន្មាន​នូវ​បុរស​ដែល​មាន​ឧបនិស្ស័យ​គួរ​នឹង​ទូន្មាន​បាន ។

៨  សត្ថា ទេវមនុស្សានំ  ទ្រង់​ព្រះនាម​ថា  សត្ថា  ទេវមនុស្សានំ ព្រោះ​

ព្រះអង្គ​ជា​សាស្តាចារ្យ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។

៩  ពុទ្ធោ ទ្រង់​ព្រះនាម​ថា ភគវា  ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្

ច ហើយ​ញុំាង​អ្នក​ដទៃឲ្យ​ត្រាស់​ដឹង​ផង ។

១០  ភគវា ទ្រង់​ព្រះនាម​ថា  ភគវា ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ទៅកាន់​ត្រៃភព

ខ្ជាក់​ចោល​ហើយ គឺថា  ព្រះអង្គ​មិន​ត្រឡប់​កើត​ទៀត​ឡើយ ។

ការ​រលឹក​ដល់​គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ហៅ​ថា​ពុទ្ធានុស្សាតិ​មិន​មែន​សម្តៅការ​លើក​យកពាក្យ​ណា​មួយ មក​ទន្ទេញ​ស្វាធ្យាយ ទាំង​ដែល​មិន​ដឹង​ថា តើ​ពាក្យ​នីមួយ ៗ នោះ​មានន័យ​យាងណា​នោះ​ទេ តាម​ពិត​ទៅ​ការ​រឮក​ដល់​គុណរបស់​ព្រះសម្ពុទ្ធ គឺ​នៅ​ត្រង់​ការ​យល់ ហើយ​ពិចារណា​តាម​សមត្ថភាព​នៃ​សទ្ធា និង​បញ្ញារហូត​កើត​សេចក្តី​ស្ងប់ចិត្ត ឃ្លាត​ឆ្ងាយ​ពី​បាប​ទាំង​ពួង ។ នេះ​ហៅថា​ ពុទ្ធាស្សតិ ដែល​ប្រែថា ការ​រលឹក​រឿយ ៗ ដល់​ព្រះសម្មាសម្ពុទ្ធ មិន​មែន​នៅ​ត្រង់​ការទន្ទេញ ពុទ្ធានុស្សតិ ឬអរហំ ទាំង​ដែល​មិន​បាន​យល់​ដល់​ពុទ្ធគុណ​នោះ​ឡើយ ។

ព្រះនាម​របស់​ព្រះសម្មាសម្ពុទ្ធ អាច​ក្លាយ​ជាទី​តាំង​នៃ​សេចក្តីស្ងប់​ចិត្ត​និង​ធ្វើឲ្យ​អ្នក​នឹង​ឃើញ​មានសេចក្តីរីករាយ ជ្រះថ្លា​កើត​បុណ្យកុសល​ផ្សេង ៗ យ៉ាងណាមិញ មនុស្ស​យើង​ក៏​គួរ​តែរៀន​តាមព្រះអង្គ ត្រង់​ដែល​ថា ពេលដែល​គេ​នឹង​ដល់​យើងកាល​ណា ក៏​កើត​សេចក្តីសុខកាយ 

សប្បាយ​ចិត្ត មិន​ក្តៅក្រហាយចិត្ត ។


កិលេស

 កិលេស១០

ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា ការធ្វើឲ្យក្រខ្វក់ ការឈឺចាប់ 
ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក
 ដែលធ្វើឲ្យងងឹតដល់ ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ 
កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់
នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើង
ជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ 
តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាង
ដើម លោភៈ ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។
 គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បី
គេរស់នៅបានប្រកបដោយសេចក្តីសុខ ។


 កិលេស១០យ៉ាងនោះគឺៈ
  • ១- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍ ។
  • ២- ទោសោ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍ ។
  • ៣- មោហោ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍ ។
  • ៤- មានោ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត ។
  • ៥- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស ។
  • ៦- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ ។
  • ៧- ថីនំ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ ។
  • ៨- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ ។
  • ៩- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត ។
  • ១០- អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត ។
  •  
​​​​​​​​​​​        
     

ពោធិបក្ខិយធម៌៣៧

ពោធិបក្ខិយធម៌៣៧

ក្នុងព្រះពុទ្ធសាសនាពោធិបក្ខិយធម៌ គឺជាគុណធម៌ដែលជាហេតុឬទាក់ទង(បក្ខិយ)ទៅនឹងការត្រាស់ដឹង (ពោធិ) ។
ក្នុងអដ្ឋកថាបាលីពាក្យពោធិបក្ខិយធម៌ត្រូវគេយកមកប្រើដើម្បីបង្ហាញធម៌៧យ៉ាង ដែលតែងលើកយកមករាប់រៀបដោយព្រះពុទ្ធក្នុងគម្ពីរបាលី។នៅក្នុងគុណធម៌៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌និមួយៗទាំងអស់៣៧ប្រការ
(សត្តតឹសពោធិបក្ខិយធម្មា)។ពោធិបក្ខិយធម៌នេះត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទនិងមហាយានទទួលស្គាល់ថាជាធម៌បំពេញដល់ផ្លូវទៅកាន់ ការត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា។តាមកំណត់ក្នុងគម្ពីរបាលីភាវនានុយុត្តសូត្រ (អង្គុត្តរនិកាយ៧.៦៧)ព្រះពុទ្ធមានព្រះបន្ទូលថា៖ម្នាលភិក្ខុទាំងឡាយ! ទោះបីភិក្ខុណាមួយដែលមិនដាក់ខ្លួនក្នុងការចំរើនសមាធិចិត្ត អាចមានបំណង
យ៉ាងនេះថាឱ!សូមឲ្យចិត្តរបស់អាត្មាអញរួចរំដោះពីឧបាទាន,ចិត្តរបស់ភិក្ខុនោះ នៅតែមិនរួចរំដោះដដែល។តើមកពីហេតុអ្វី?គេអាចនិយាយថាមកពីភិក្ខុនោះ មិនធ្វើឲ្យចិត្តចម្រើនឡើង។តើមិនចម្រើនឡើងក្នុងអ្វី?ក្នុងសតិបដ្ឋាន៤
សម្មប្បធាន៤ឥទ្ធិបាទធម៌៤ឥន្រ្ទិយ៥ពលៈ៥ពោជ្ឈង្គ៧និងអរិយអដ្ឋង្គិកមគ្គ៨។ នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និងគម្ពីរផ្សេងៗពីជំនាន់ដើម 
ធម៌ ៧កង ដែលមាន ៣៧ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង
 មានការរៀបរាប់ដូចតទៅនេះ៖

សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍  
២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍  
៣- ចិត្តានុបស្សនា សតិរឭកពិចារណាចិត្ត ជាអារម្មណ៍  
៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍

សតិបដ្ឋាន មកពីពាក្យ សតិ=ការរឭក ការប្រុងស្មារតី និងពាក្យ 
បដ្ឋាន=គ្រឹះ មូលដ្ឋាន។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូល
តែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់
សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោ
មនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យ
ជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ១៧ ទំព័រ២៤៤) ។ 
សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើនកម្មដ្ឋានទាំង ២យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង
(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ 
និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅ
កាន់ ព្រះនិព្វាន ជាទីបរមសុខ ។

សម្មប្បធាន៤សម្មប្បធានមាន៤គឺៈ
១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
 ២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
 ៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
 ៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។

សម្មប្បធាន បានដល់សេចក្តីព្យាយាមដ៏ឧត្តម៤យ៉ាង ដែលជា
ចំណែកនៃផ្លូវទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យ
លើការយល់ដឹង នូវការកើតនិងការមិនកើត នៃនាម
ធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅហើយ និងសតិរ
ឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់
។ សម្មប្បធានជំរុញយើងឲ្យលះបង់ធម៌ដែលជាអកុសល
ហើយធ្វើឲ្យកុសលធម៌រីកចម្រើនឡើង ។ សម្មប្បធានគឺជា
សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ហើយនិងវិរិយិន្រ្ទិយ
 ក្នុងឥន្រ្ទិយ៥ ។
ឥទ្ធិបាទធម៌៤ ឥទ្ធិបាទធម៌ជាគ្រឿងឲ្យសម្រេចផលមាន ៤គឺៈ

១- ឆន្ទៈ សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ
 ២- វិរិយៈ សេចក្តីព្យាយាមប្រកបកិច្ចការ
៣- ចិត្តៈ សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ  
៤- វីមំសា សេចក្តីឧស្សាហ៍ត្រិះរិះពិចារណារកហេតុផលក្នុងកិច្ចការ ។

ឥទ្ធិបាទធម៌ គឺគុណធម៌ជាគ្រឿងឲ្យសម្រេចប្រយោជន៍ ។ ក្នុង
ព្រះពុទ្ធសាសនា ពាក្យថាឥទ្ធិសំដៅយកឬទ្ធិខាងផ្លូវចិត្តឬផ្លូវជំនឿ
សាសនាដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង
ឥទ្ធិបាទធម៌៤នេះជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ
(សំយុត្តនិកាយលេខ៥១.២)មានសេចក្តីថាៈ ម្នាលភិក្ខុ! អ្នកដែលមិន
ខ្វល់ខ្វាយចំពោះឥទ្ធិបាទ គឺជាអ្នករាយមាយចំពោះអរិយមគ្គដែលនាំ
ផ្លូវទៅកាន់ទីបំផុតនៃ ទុក្ខ ។ អ្នកដែលទទួលយកឥទ្ធិបាទ
 គឺជាអ្នកទទួលយកអរិយមគ្គ ដែលនាំ
ផ្លូវទៅកាន់ទីបំផុតនៃទុក្ខ ។ មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការ
ចម្រើនសមាធិលើឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយ
នៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើនជាប់ជាមួយនឹងសម្មប្បធាន
ដូចជាការចម្រើនសមាធិលើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ ម្នាលភិក្ខុ!
 កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ
 នេះហៅថាឆន្ទៈសមាធិ ។
 ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុសលធម៌ ដែលមិនទាន់កើតឡើង
 មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល
ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង
 ដើម្បីបោះបង់ចោលនូវសភាវៈនៃអកុសលធម៌ដែលបានកើតឡើងហើយ…
ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើតឲ្យកើតឡើងបានដើម្បីរក្សាទុកនូវ
សភាវៈនៃកុសលធម៌ដែលបាន កើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញ
សេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ
 និងឆន្ទៈសមាធិ និងវិរិយសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកប
ដោយឆន្ទសមាធិ និងវិរិយសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ៣ទៀត
 តាមរបៀបដូចគ្នាដែរ ។

ឥន្រ្ទិយ ៥ ឥន្រ្ទិយធម៌ជាធំមាន៥ គឺៈ
១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
២- វិរិយិន្រ្ទិយ វិរិយៈជាធំ  
៣- សតិន្រ្ទិយ សតិជាធំ  
៤- សមាធិន្រ្ទិយ សមាធិជាធំ
 ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។

ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែលជាធំក្នុងការ
គ្រប់គ្រងត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាចជាធំលើពួកទេវតា ។
 ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (
ឥន្រ្ទិយ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ
ពោធិបក្ខិយធម៌៣៧ ។

១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះការត្រាស់ដឹងនៃព្រះពុទ្ធ ។
 ២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។  
៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។

ក្នុងអង្គុត្តរនិកាយ ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយ
ទាំង៥នេះ ។ ព្រះអង្គមានបន្ទូលទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖
សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្តខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ ៤៧) ។
សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុងការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៧)។

បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨) ។ បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈានរបៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញាឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។ ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំឲ្យចិត្តភ្លាត់ចុះទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិលតាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។ ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅកណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វាហើយ ធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំក្នុងការទប់ទល់នឹងសត្រូវរបស់វា ។

ពលៈ៥ ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥ គឺៈ
១- សទ្ធាពលៈ កម្លាំងគឺសទ្ធា
២- វិរិយពលៈ កម្លាំងគឺសេចក្តីព្យាយាម  
៣- សតិពលៈ កម្លាំងគឺសតិ
 ៤- សមាធិពលៈ កម្លាំងគឺសមាធិ
  ៥- បញ្ញាពលៈ កម្លាំងគឺបញ្ញា

ក្នុងសំយុត្តនិកាយ ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូចឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះ
នៅកណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋកថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ។ពោជ្ឈង្គ៧ ពោជ្ឈង្
គ អង្គជាធម៌នៃការត្រាស់ដឹង មាន៧គឺៈ

១-សតិ សេចក្តីរឭកបាន
២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
៣- វិរិយៈ សេចក្តីព្យាយាម
៤- បីតិ សេចក្តីឆ្អែតចិត្ត
៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។


ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ៧បានដល់អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។
 ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។ នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា
 មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បីសម្រេចឈាននិងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថាៈ សតិខ្លាំងក្លា…គេត្រូវការវាគ្រប់កាលៈទេសៈ កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។ កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើន
អង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។ ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌២ក្នុង
នីវរណ៥ គឺថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និងឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។
តាមសំយុត្តនិកាយ ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមក
ចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមក
ចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល
ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិន
ប្រកបដោយផល ។

អរិយអដ្ឋង្គិកមគ្គ៨អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ
១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
 ២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
៣- សម្មាវាចា វាចាត្រូវ
៤- សម្មាកម្មន្ត ការងារត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
 ៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
 ៧- សម្មាសតិ សេចក្តីរឭកត្រូវ  
៨- សម្មាសមាធិ សមាធិត្រូវ

អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេច
ការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត)ហើយផ្តាច់ឫសលោភៈ ទោសៈ មោហៈ មិនឲ្យសេសសល់ ។
 អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយសច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ
(សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះ
ម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូបនៃព្រះពុទ្ធសាសនា ជាទូទៅ
អរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។
ពោធិបក្ខិយធម៌ ៤៣ ក្នុងគម្ពីរបាលីនេត្តិសូត្រ ១១២ និង ២៣៧ ពោធិបក្ខិយធម៌៤៣ បានយកមករាប់ដោយមានពោធិបក្ខិយ៣៧ នៅក្នុងនោះផងៈ

ត្រៃលក្ខណ៍ ៣
១- អនិច្ចំ ២- ទុក្ខំ ៣- អនត្តា
បហាន (រលាស់ចោលនូវទុក្ខ)  
វិរាគៈ (ការសូន្យទៅនៃរាគៈ) សម្រេចអរហត្ត  
និរោធៈ (ការកំចាត់បង់នូវអាសវៈទាំងពួង) បានដល់ព្រះនិព្វាន

មហាបរិនិព្វានសូត្រក្នុងទីឃនិកាយ១០ មហានិព្វានសូត្រ ដែលរ៉ាយរ៉ាប់អំពីថ្ងៃចុងក្រោយរបស់ព្រះពុទ្ធ ព្រះអង្គមានព្រះបន្ទូល ទៅកាន់អង្គប្រជុំថាៈ
 ឥឡូវនេះ ម្នាលភិក្ខុទាំងឡាយ! តថាគតប្រាប់អ្នកអំពីការប្រៀនប្រដៅរបស់តថាគត ដែលតថាគតបានដឹងដោយការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយថាការ ប្រៀនប្រដៅទាំងនោះ អ្នកគប្បីសិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង បដិបត្តិជាញឹកញយ ដែលសេចក្តីបរិសុទ្ធនៃការរស់នៅ អាចសម្រេចបាន ហើយតាំងនៅយូរ ដើម្បីសុខមាលភាព និងសេចក្តីរីករាយជាច្រើន ដែលចេញមកអំពីករុណាចំពោះលោក ដើម្បីផលប្រយោជន៍ សេចក្តីសុខសាន្ត និងសេចក្តីរីករាយនៃទេព្តានិងមនុស្ស ។ ហើយអ្វី ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅទាំងនោះ? គឺសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ ហើយនិងអរិយអដ្ឋង្គិកមគ្គ៨ ។ ធម៌ទាំងអស់នេះហើយ ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅ ដែលតថាគតបានមក ពីការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយ ថាការប្រៀនប្រដៅទាំងនោះ អ្នកគប្បី សិក្សាដោយ
ហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង ហើយបដិបត្តិជាញឹកញយ…។

Saturday, October 8, 2016

នរក ៤ រូប

នរក ៤ រូប

យើង​ជា​ពុទ្ធ​បរិស័ទ គួរ​តែ​មាន​សេចក្ដី​សង្វេគតក់​ស្លុត​ក្នុង​ជីវិត​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ វា​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​ក្នុង​លោក​នេះ មាន​ការ​កើត​ឡើង​ហើយ​មាន​ការ​ស្ថិត​នៅ និង​មាន​ការ​បាត់​បង់​ទៅ​វិញ​ជា​ធម្មតា។

សូម​ជាតិ​ញោម​ពិចារណា​នូវ​រឿង​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ជា​បទ​ពិចារណា​ក្នុង​រឿង​រ៉ាវ​ជីវិត​ដែល​រស់​នៅ​ក្នុង​លោក​នេះ វា​មាន​ទាំង​វិបាក ទាំង​ល្អដោយ​អំណាច​ក្នុង​ការ​ប្រព្រឹត្ត​របស់​មនុស្ស។

កាល​កន្លង​ទៅ​ហើយ ព្រះដ៏មានព្រះភាព ព្រះនាម​កស្សបៈ ទ្រង់​ឧប្បត្តិកឡើង​ក្នុង​លោក ក្នុង​កាល​ដែល​មនុស្ស​ទាំង​ឡាយ​មាន​អាយុ​កាល ២ ម៉ឺន​ឆ្នាំ ព្រះអង្គ​យាង​ទៅ​កាន់​ចារិក​មួយ​អន្លើ​ដោយ​ព្រះខីណាស្រព ២ ម៉ឺន​អង្គ។

ពួក​អ្នក​នគរ​ពារាណសី​ឃ្មាត​ខ្មី​បបួល​គ្នីគ្នា​ធ្វើអាគន្តុកទាន។ គ្រា​នោះ​មាន​សេដ្ឋី​បុត្ត ៤ នាក់​ជា​សម្លាញ់​នឹង​គ្នា​មាន​សម្បត្តិ ៤០ កោដិ ក្នុង​នគរ​ពារាណសី បាន​ប្រឹក្សា​គ្នា​ថា​ទ្រព្យ​សម្បត្តិ​យើង​មាន​ច្រើន​តើ​យើងនឹង​ប្រកប​ការងារ​ដូចម្ដេច? កាល​ដែល​ព្រះសម្មាសម្ពុទ្ធ ស្ដេច​កំពុង​យាង​ទៅ​កាន់​ចារិក​យ៉ាង​នេះ ក៏​សេដ្ឋី​បុត្ត​ទាំង ៤ នាក់​នោះ ឥត​មាន​និយាយ​យ៉ាងនេះ​ថា យើង​ទាំង​ឡាយ​នឹង​ឲ្យ​ទាន នឹងបូជា​នឹង​រក្សា​សីល​ដូច្នេះ​សោះ បែរ​ជា​និយាយ​យ៉ាង​នេះ​ថាយើង​ទាំង​ឡាយ​ផឹក​ស្រា​ឲ្យ​ស្រវឹង ហើយ​ស៊ីសាច់​ដែលមាន​រស់​ជាតិ​ឆ្ងាញ់​ពិសា​ទើប​ពេញ​ជា​ការ​រស់​នៅ​មាន​ប្រយោជន៍។

ម្នាក់​ទៀត​និយាយ​ថា យើង​គួរ​តែ​បរិភោគ​បាយ​អង្ករ ស្រូវ​សាលី​ដែល​មាន​ក្លិន​ក្រអូប និង​វត្ថុ​ផ្សេងៗ។ ម្នាក់​ទៀត​និយាយ​ថា យើង​ចំណាយ​ប្រាក់​ឲ្យ​ពួក​ស្រីៗ ទោះ​បី​កូន​ប្រពន្ធ​គេ​ក៏​គង់​តែ​ស្ម័គ្រ​ចិត្ត​នឹង​យើង​មិន​ខាន ហើយ​ពួក​យើង​ នឹង​ធ្វើ​បរទារកម្ម​ឲ្យ​ពេញ​បន្ទុក។

សេដ្ឋី​បុត្ត​ទាំង ៤ នាក់​នោះ យល់​ព្រម​ព្រៀង​គ្នា​ហើយ​ចាប់​ផ្ដើម​អំពី​ថ្ងៃ​នោះ​មក ក៏​តែង​តែ​បញ្ជូន​ទ្រព្យ​ទៅ​ឲ្យ​ស្រីៗ ទាំង​ឡាយ​ដែល​មាន​រូប​ល្អហើយ​ធ្វើ​នូវ​បរទារកម្ម​អស់ ២ម៉ឺន​ឆ្នាំ លុះ​ធ្វើ​មរណកាល​ទៅ​បាន​កើត​ជា​លោហកុម្ភី​នរក ជម្រៅ ៨០ យោជន៍ លិច​ចុះ​ទៅ​អស់​ ៣ ម៉ឺន​ឆ្នាំ ទើប​ដល់​បាត​ខ្ទះ​អណ្តែត​ឡើង​អស់​៣ម៉ឺន​ឆ្នាំ ទើប​ដល់​មាត់​ខ្ទះ ហើយ​ទើប​ចង់​ពោល​គាថា​ម្នាក់​​មួយ​ៗ ប៉ុន្តែ​មិន​អាច​ពោល​ទាន់ ក៏​ពោល​បាន​ត្រឹម​តែ​ពាក្យ ទុ.ស.ន.សោ. ហើយ​ក៏​ត្រឡប់​លិច​ចុះ​ទៅ​ក្នុង​ខ្ទះ​ទង់​ដែង​វិញ​ទៅ។


សត្វ​នរក​ទី​ ១ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ទុ.ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ។

យើង​ទាំង​ឡាយ មាន​ជីវិត​ដ៏​លាមក បាន​រស់​នៅ​ហើយ​កាល​ដែល
​ភោគ​សម្បត្តិ​កំពុង​មាន យើង​ទាំង​ឡាយ​មិន​បាន​ឲ្យ​ទាន​សោះ យើង
​ទាំង​ឡាយ​មិន​បាន​ធ្វើ​នូវ​ទី​ពឹង​ដល់​ខ្លួន​ឯង​សោះ​ឡើយ។

សត្វនរក​ទី​២ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ស.សដ្ឋីរស្សសហស្សានិ បរិបុណ្ណានិ សព្វសោ
និរយេ បច្ចមានានំ កទា អន្តោ ភវិស្សតិ។

យើង​ទាំង​ឡាយ ​ដែល​បាបកម្មចម្អិន​ក្នុង​នរក​អស់ ៦ ម៉ឺន​ឆ្នាំ​ពេញ​គ្រប់គ្រាន់
​មិន​លើស​មិន​ខ្វះ ឱ!​កាល​ណាហ្ន! នឹង​មាន​ទីបំផុត​នៃ​សេចក្ដី​ទុក្ខ។

សត្វ​នរក​ទី ៣ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ន.នត្ថិ អន្តោ កុតោ អន្តោ បដិនិស្សតិ
តទា ហិ បកតំ បាបំ មម តុយ្ហញ្ច មារិស។

ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​របស់​យើង​ទាំង​ឡាយ មិន​មាន​ឡើយ មាន​ទីបំផុត
​នៃ​សេចក្ដី​ទុក្ខ​ពីណា ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​មិន​ប្រាកដ​ទេ ម្នាល​អ្នក​ដូច​ជា​ខ្ញុំ 
 ដ្បិត​ពី​កាល​ណោះ ខ្ញុំ​នឹង​អ្នក​ទាំង​ឡាយ បាន​ធ្វើ​បាប​ពេញ​បន្ទុក​ណាស់។

សត្វ​នរក​ទី ៤ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

សោ.សោហំ នូន ឥតោ គន្គ្វា យោនី លទ្ធាន
មានុសី វនញ្ញូ សីលសម្បន្នោ កាហាមិ កុសលំ ពហុំ។

បើ​ខ្ញុំ​បាន​រួច​អំពី​នេះ​ទៅ ហើយ​បាន​កើត​ជា​មនុស្ស នឹង​ជា​អ្នក​ដឹង​នូវ​ពាក្យ​
ពេចន៍​បរិបូណ៍​ដោយ​សីល ខ្ញុំ​នឹង​ខំ​ធ្វើ​តែ​បុណ្យ​កុសល​យ៉ាង​ច្រើន។

មនុស្ស​យើង កាល​ដែល​មិន​ទាន់​បាន​ឃើញ​ទោស​កំហុស​ចំពោះ​ខ្លួន​ឯង​ទេ
 រមែង​ចេះ​តែ​គ្រាន់​បើ​លើ​ខ្លួន​ឯង​ចេះ​តែ​មាន​អំនួត អួត​អាត​ចំពោះ​អំណាច​ដែល​
ខ្លួន​មាន ទីបំផុត​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ជាទី​ពឹង​ឡើយ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ

Wednesday, October 5, 2016

ឋានសួគ៌

                                ឋានសួគ៌
គេ​អាច​និយាយ​បាន​ថា ឋាន​សួគ៌ ជា​កន្លែង​ដែល​យើង​អាច​កើត​វិញ បន្ទាប់​ពីស្លាប់​ទៅ។ វា​ក៏​អាច​ជា​សភាព​នៃ​ចិត្ត​មួយ​ផង​ដែរ។ ឧទាហរណ៍ មនុស្ស​ឆេវ​ឆាវ​ម្នាក់​អាច​មាន​អារម្មណ៍​អាក្រក់​ជានិច្ច​ ហើយ​ងាយ​នឹង​ច្រឡោត​ខឹង​ណាស់។ មនុស្ស​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​រង​នូវ​សេចក្ដី​សោក​សៅ និង​ពិបាក​ចិត្ត​គ្រប់​ពេល​វេលា។

ផ្ទុយ​ទៅ​វិញ បុគ្គលណា​ម្នាក់​ដែល​មិន​មាន​ចិត្ត​ឆេវ​ឆាវ មាន​តែ​ចិត្ត​ស្ងប់ ហើយ​តែង​តែ​រស់​នៅ​ជា​សុខ​ជា​មួយ​ខ្លួន​គាត់​នឹង​អ្នក​ដទៃ។ ដោយ​សារ​តែ​សភាព​នៃ​ចិត្ត​អាក្រក់​របស់​គាត់ ជីវិត​បុគ្គល​ឆេវឆាវប្រៀប​បី​ដូច​ជា​ឋាន​នរក​សម្រាប់​គាត់​ និង​អ្នក​នៅ​ជុំ​វិញ។ មិន​ចាំ​បាច់​និយាយ​ថ្វី​ដល់​អ្នក​ដែល​មិន​ឆេវឆាវ និង​អ្នក​ជុំ​វិញ​គាត់​នឹង​តែង​តែ​រីករាយ​សប្បាយ​ ដូច​ជា​ជីវិត​ក្នុង​ឋាន​សួគ៌។

ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​ផ្ដល់​ឲ្យ​យើង​នូវ​បទពិសោធន៍​នៃ​ឋាន​សួរ​នៅ​លើ​ផែន​ដី​នេះ ដោយ​បង្ហាញ​យើង​នូវ​មធ្យោបាយ​ដើម្បី​សម្រេច​នូវ​សភាព​នៃ​ចិត្ត​ដ៏​រីករាយ។ ក្រៅ​ពី​សភាវចិត្ត ពុទ្ធ​សាសនា​មាន​ជំនឿ​ថា មាន​ឋាន​ជាច្រើន​ទៀត​នៅ​ក្នុង​ចក្កវាឡ​នេះ ហើយ​កន្លែង​ទាំង​នេះ​អាច​ជា​កន្លែង​នៃ​សេចក្ដី​ទុក្ខ ឬ​សេចក្ដី​សុខ។

តាម​ប្រពៃ​ណី​ ឋាន​នៃ​សេចក្ដី​ទុក្ខ (ឋាន​ទាប) មាន​ឋាន​នរក​ជា​ដើម ហើយ​ឋាន​នៃ​សេចក្ដី​សុខ ឬ​ឋាន​ខ្ពស់ មាន​ឋាន​មនុស្ស និង​ឋាន​ទេវតា​ជា​ដើម។ ឋាន​ណា​មួយ​ដែល​យើង​នឹង​ចាប់​បដិសន្ធិ អាស្រ័យ​លើ​កម្ម​ដែល​យើង​បាន​សន្សំ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​ក៏​ដូច​ជា​កម្ម​ដែល​យើង​បាន​សន្សំ​តាំង​ពី​អតីត​ជាតិ។


កម្ម​នេះ​ឯង​ជាផល​នៃ​សកម្មភាព​ និង​ឥរិយាបទ​ជា​ទម្លាប់​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ គេ​មិន​អាច​កំណត់​ ឬ​ធ្វើ​ស្ថិតិ​ទំហំ​នៃ​អត្រា​ប្រជាជន​នៅ​លើ​ផែន​ដី​ដែល​ជា​រង្វង់​បិទ​ជិត​នោះ​ទេ ព្រោះ​ការ​ចាប់​បដិសន្ធិ​មិន​មាន​កំណត់​ថាមាន​តែ​ក្នុងឋាន​មនុស្ស​ឡើយ។ ក្រៅ​ពី​ភព​មនុស្ស​ នៅ​មាន​ភព​ជា​ច្រើន​ទៀត​ក្នុង​ចក្កវាឡ​នេះ ជា​កន្លែង​ដែល​យើង​ទៅ​ចាប់​បដិសន្ធិ ឬ​ជា​កន្លែង​ដែល​បដិសន្ធិ​អាច​កើត​ឡើង។

ប្រសិន​បើ​យើង​ធ្លាក់​ទៅ​កើត​ក្នុង​ឋាន​នរក តើ​យើង​នឹង​នៅ​ទី​នោះ​រហូត​ឬ? ពុទ្ធ​សាស​និក​មាន​ជំនឿ​ថា រយៈ​ពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខនៅ​ក្នុង​ឋាន​នរក វា​អាស្រ័យ​លើ​ទម្ងន់​នៃ​អំពើ​អាក្រក់​ដែល​បាន​សន្សំ​ទុក​មក។

គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​ក្នុង​ឋាន​នរក​រហូត​ឡើយ មិន​ថា​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន​ប៉ុណ្ណា​ក្នុង​ជីវិត​នេះ។ ទោះ​បី​ជា​សេចក្ដី​ទុក្ខ​នេះ​អាច​មាន​រយៈ​ពេល​យូរ​ក៏​ដោយ តែ​សេចក្ដី​ទុក្ខ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​អំពើ​អាក្រក់អស់​សុពល​ភាព។

ដូច្នេះ​ព្រះពុទ្ធសាសនា​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​មិន​សម​ហេតុ​ផល​នៃ​ទណ្ឌកម្ម​គ្មាន​កំណត់ ចំពោះ​ការ​ធ្វើ​នូវ​អំពើ​អាក្រក់​ដែល​មាន​កំណត់​នោះ​ឡើយ។ ព្រះពុទ្ធសាសនា​ក៏​មិន​គំរាម​កំហែង​សាសនិក​នៃ​សាសនា​ដទៃ ពី​ទម្រង់​នៃ​ការ​ធ្វើ​ទារុណ្ឌ​កម្ម​នោះ​ទេ។ បុគ្គល​ម្នាក់ៗ​មាន​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​នូវ​ជំនឿ និង​មាគ៌ា​ផ្សេង​ៗ​សម្រាប់​ខ្លួន​ឯង។

តើ​យើង​អាច​រស់​នៅ​ក្នុង​ឋាន​សួគ៌​ជា​រៀងរហូត​ឬ? តើ​ឋាន​សួគ៌​ជា​គោល​ដៅ​ខ្ពស់​បំផុត​របស់​មនុស្ស​មែន​ទេ? មនុស្ស​សត្វ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ​ច្រើន និង​សន្សំ​នូវ​កុសលកម្ម​ច្រើន​អាច​ទៅ​កើត​ក្នុង​ឋាន​សួគ៌។

ប្រសិន​បើ​បុគ្គល​ម្នាក់​មិន​ទាន់​សម្រេច​ព្រះនិព្វាន​ទេ​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើន​រំឭក​​យើង​ទាំង​អស់​គ្នា ឲ្យ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់​ខ្ពស់​នោះ​ឯង ហើយសំខាន់ជាង​នោះ​ទៅ​ទៀត គឺ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ទៅ​ក្នុង​ឋាននរក​(ឋាន​ថោក​ទាប)។

រី​ឯ​ឋាន​សួគ៌​មាន​រយៈ​ពេល​យូរ​អនេក​អនន្ត​មែន​ ប៉ុន្តែ​វា​មិន​មែន​ជា​អមតៈ​នោះ​ដែរ។ សត្វ​ក្នុង​ឋាន​សួគ៌​នោះ​ក៏​នឹង​ត្រូវ​ស្លាប់ (ចុតិ) ហើយ​ត្រូវ​ចាប់​បដិសន្ធិ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ពេល​ណា​មួយ​ ពេល​កុសលកម្ម​របស់​ពួក​គេ​អស់​សុពល​ភាព។ ដោយ​សារ​ហេតុ​នោះ​ហើយ ទើប​ពុទ្ធ​សាសនា​មិន​បាន​ចាត់​​ទុក​ការ​កើត​នៅ​ក្នុង​ឋាន​សួគ៌​ថា ជា​គោល​ដៅ​ឧត្ដម​បំផុត គឺ​សម្រេច​បាន​នូវ​​ព្រះនិព្វាន។

គេ​បាន​និយាយ​ថា នន្ទភិក្ខុដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ព្រះសម្មាសម្ពុទ្ធ​បាន​អាក់អន់​ចិត្ត នឿយ​ណាយ និង​ធុញ​ទ្រាន់​នឹង​ជីវិត​ផ្នួស ហើយ​បាន​ទូល​ប្រាប់​ព្រះពុទ្ធ​ថា ព្រះអង្គ​ចង់​លះ​បង់​ចោល​នូវ​ឧត្ដម​ភេទ​នេះ។ នៅ​ពេល​មួយ​ព្រះសម្មាសម្ពុទ្ធ​បាន​នាំ​នន្ទ​ភិក្ខុ​នេះ ទៅ​កាន់​ឋាន​ទេវលោក​មួយ ហើយ​បាន​បង្ហាញ​នន្ទភិក្ខុ នូវ​សេចក្ដី​រីករាយ​ត្រេកអរ​របស់​ឋាន​នោះ។ ព្រះសម្មាសម្ពុទ្ធ​បាន​សន្យា​នឹង​នន្ទភិក្ខុ​ថា នន្ទ​ឯង​ក៏​អាច​សោយ​នូវ​សេចក្ដី​សុខ​សប្បាយ​រីករាយ​ទាំង​អស់​នេះ​បាន​ ឲ្យតែ​នន្ទ​ប្រតិបត្តិ​នូវ​ព្រះធម៌​បាន​ល្អ​ប្រពៃ។

រឿង​នេះ​បាន​ដាស់​តឿន​ក្រើន​រំលឹក​នន្ទភក្ខុ​ ហើយ​ព្រះអង្គ​បាន​ប្រតិបត្តិ​យ៉ាង​ម៉ត់ចត់​ ដើម្បី​ឲ្យ​បាន​ទៅ​កើត​នៅ​ក្នុង​ឋាន​សួគ៌​នោះ។ ខណៈពេល​កំពុង​ប្រតិបត្តិ នន្ទ​ភិក្ខុ​បាន​កំណត់​ដឹង​ច្បាស់​បន្តិចម្ដងៗ​ថា ព្រះនិព្វាន​ជា​សេចក្ដី​សុខ​ស្ងប់​ដ៏​ឧត្ដម​បំផុត ជាង​សេចក្ដី​សុខ​នៅ ឋាន​សួគ៌​ហើយ​ព្រះអង្គ​បាន​រលាស់​ចោល​នូវ​សេចក្ដី​សន្យា​ជាមួយ​ព្រះពុទ្ធ។

អ៊ីចឹង! ចុះ​តើ​ព្រះនិព្វាន​ជា​អ្វី​ដែរ? ប្រសិន​បើ​មិន​ទាន់​បាន​ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​មិន​ទាន់​ធ្វើ​ដំណើរ​តាម​មាគ៌ា​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ទេ នោះ​ព្រះនិព្វាន​អាច​ជា​ទស្សនៈ​ដ៏​លំបាក​ក្នុង​ការ​កាន់​យក ឬ​ឈ្វេង​យល់​ណាស់។ វា​មិន​ខុស​អ្វី​ពី​ការ​ព្យាយាម​ពន្យល់​អំពី​ពណ៌​ដល់​មនុស្ស​ខ្វាក់ ឬ​សម្លេង​ដល់​មនុស្ស​ថ្លង់​នោះ​ទេ។ ភាសា​សាមញ្ញ​មិន​អាច​ពន្យល់​រៀបរាប់​ដោយ​សព្វ​គ្រប់​ពី​ព្រះនិព្វាន​ឡើយ។ មាន​តែ​តាម​រយះ​បទពិសោធន៌​ប៉ុណ្ណោះទើប​អាច​ឈ្វេង​យល់​បាន។

ទោះ​ជា​យ៉ាង​ណា ដោយ​សង្ខេប​ខ្លី ព្រះនិព្វាន​គឺ​ការ​អនុវត្ត​មាន​នៃ​តណ្ហា និង​សេចក្ដី​ទុក្ខ​ទាំង​​ឡាយ។ អ្នកសម្រេច​នូវ​ព្រះនិព្វាន​គឺ​ជា​បុគ្គល​ដែល​បាន​កម្ចាត់​បង់​នូវ​សេចក្ដី​លោភ (លោភៈ) សេចក្ដី​ក្រោធ (ទោសៈ) និង​សេចក្ដី​វង្វេង (មោហៈ) ។ ព្រះនិព្វាន​ជា​សភាព​នៃ​បរមសុខ​តែម្យ៉ាង​ ដោយ​មិន​មាន​បដិសន្ធិ​តទៅ​ទៀត។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ប្រាប់​យើង​នូវរបៀប​កាត់​បន្ថយ និង​បញ្ចប់​នូវ​សេចក្ដី​លោភ​លន់ សេចក្ដី​ក្រោធ​ខឹង​ និង​សេចក្ដី​វង្វេង​បន្តិច​ម្ដងៗ នៅ​គ្រប់​ទម្រង់​ផ្សេងៗ​របស់​វា។ រឿង​នេះ​អាច​ធ្វើ​ទៅ​បាន មាន​តែ​តាម​រយៈ​ការ​ចម្រើន​នូវ​សប្បុរស​ធម៌ និង​សេចក្ដី​អាណិត​អាសូរ ខន្តី និង​ករុណា​ធម៌​ សីល សមាធិ និង​បញ្ញា។

ដូច្នេះ​ឆ្លង​កាត់​ការ​ប្រតិបត្តិ​នូវ​ព្រះធម៌ដោយ​ប្រពៃ ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​នេះ គង់​មាន​បុគ្គល​ណា​មួយ​អាច​សម្រេច​នូវ​សេចក្ដី​ស្ងប់ និង​សេចក្ដី​សុខ​នៃ​ព្រះនិព្វាន សូម្បី​តែ​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ។ ចូរ​សង្កេត​ពិនិត្យ និង​ព្យាយាម​ប្រតិបត្តិ​នូវ​ព្រះពុទ្ធវចនៈ​ក្នុង​ជីវិតរស់​នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ចូរ​សោយ​នូវ​សេចក្ដី​សុខ​ក្នុង​ឋាន​សួគ៌ ក្នុង​ពេល​អ្នក​នៅ​រស់​ហ្នឹង​ហើយ មិន​ចាំ​បាច់​រង់​ចាំ​ដល់​ថ្ងៃ​ស្លាប់​នោះ​ទេ។ ឋាន​សួគ៌​គឺ​នៅ​បច្ចុប្បន្ន​ជាតិ​នេះ​ឯង រី​ឯ​រសនៃ​ព្រះនិព្វាន​ក៏​នៅ​ក្នុង​ជាតិ​នេះ​ដែរ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់​មនុ​ស្សល្អ


ទ្វីប​៤​

                                                                  ទ្វីប​៤​នោះ​គឺ

១- ជម្ពូទ្វីប ស្ថិត​នៅ​ទិស​ខាង​ត្បូង​ភ្នំ​សិនេរុ មាន​ដើម​ព្រីង​ប្រចាំ​ទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​កសិកម្ម​និង​ពាណិជ្ជកម្ម​ជាដើម ស្ត្រី​មាន​គភ៌​៩​ខែឬ​១០​ខែ​ទើប​ប្រសូត​បុត្ត​ធីតា។

២- ឧត្ដរ​កុរុទ្វីប ស្ថិត​នៅ​ទិស​ខាង​ជើង​ភ្នំ​សិនេរុ មាន​ដើម​កប្បព្រឹក្ស​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​រវល់កង្វល់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ចង់​បាន​អ្វី ចង់​បរិភោគ​ចំណី​អាហារ​បែប​ណា គ្រាន់​តែ​ដើរ​ទៅ​ដល់​ដើម​កប្បព្រឹក្ស​បាន​ដូច​ប្រាថ្នា ស្ត្រី​មាន​គភ៌​៧ថ្ងៃ​ប្រសូត​បុត្តធីតា ប្រសូត​បាន​៧​ថ្ងៃ​ចេះដើរ​ចេះរត់។

៣- អមរគោយានី​ទ្វីប ស្ថិត​នៅ​ទិស​ខាង​លិច​ភ្នំ​សិនេរុ មាន​ដើម​ក្ទម្ព​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​កង្វល់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ព្រោះ​មាន​ដួង​កែវ​ឲ្យ​សម្រេច​សេចក្ដី​ប្រាថ្នា​បាន​គ្រប់​យ៉ាង។

៤- បុព្វវិទេហ​ទ្វីប ស្ថិត​នៅ​ទិស​ខាង​កើត​ភ្នំ​សិនេរុ មាន​ដើម​ច្រេស​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​ពិបាក​នឿយ​អត់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ព្រោះ​មាន​ប្រាសាទ​១​វិចិត្រ​រចនា​ដោយ​កែវ​៧​ប្រការ​កម្ពស់​១៥យោជន៍ ឲ្យ​សម្រេច​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​បាន​គ្រប់​យ៉ាង។

បណ្ដា​ទ្វីប​ទាំង​៤​នោះ ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​មិន​ដែល​ឧប្បត្តិកើត​ក្នុង​ទ្វីប​ទាំង​៣​ទេ ទ្រង់​ឧប្បត្តិ​កើត​តែ​ក្នុង​ជម្ពូទ្វីប​មួយ​ប៉ុណ្ណោះ ព្រោះ​ទ្វីប​ទាំង​បី​ជា​ទ្វីប​សម្រាប់​សត្វ​សោយ​ផល​របស់​សុចរិតធម៌ មិន​មែន​ជា​ទ្វីប​សម្រាប់​សាង​សុចរិត​ធម៌​ដូច​ជម្ពូ​ទ្វីប​ឡើយ។

ក្នុង​ជម្ពូទ្វីប​មាន​ភ្នំ​ហិមវន្ត កម្ពស់​ប្រាំរយ​យោជន៍ (៥០០យោជន៍) បណ្ដោយ​និង​ទទឹង​ប្រវែង​បីពាន់​យោជន៍ (៣.០០០យោជន៍) មាន​កំពូល​ប្រាំបី​ម៉ឺន​បួនពាន់​យោជន៍ (៨៤.០០០យោជន៍)។

ទំហំដើម​ឈើ​ប្រចាំ​ទ្វីប​ទាំង​៤​គឺ

ជម្ពូព្រឹក្ស ដើម​ព្រីង​ក្នុង​ជម្ពូទ្វីប១, កប្បព្រឹក្ស ដើម​កប្ប​ក្នុង​ឧត្តរកកុរុទ្វីប១, កទម្ពព្រឹក្ស ដើម​ក្ទម្ពក្នុង​អមរគោយានី​ទ្វីប, សិរីស​ព្រឹក្ស ដើម​ច្រេស​ក្នុង​បុព្វវិទេហទ្វីប១​និង​បារិច្ហត្តព្រឹក្ស ដើម​រលួស​ផ្អុង​ក្នុង​ស្ថាន​តាវត្តឹង្ស១, បាដលីព្រឹក្ស ដើមជ្រនៀង​របស់​ពួក​អសុរ១, សិម្ពលីព្រឹក្ស ដើម​រកា​របស់​ពួក​គ្រុឌ១ ឈើ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ស្ដេច​នៃ​រុក្ខជាតិ មាន​អាយុវែង​តាំង​នៅ​អស់​១កប្ប មាន​ទំហំ​និង​កម្ពស់​ជា​ដើមប៉ុន​គ្នា​ទាំង​អស់​គឺ មាន​សំណុំ​ជុំ​វិញ​ដើម​ចំនួន​ដប់​ប្រាំ​យោជន៍​ (១៥យោជន៍) បណ្ដោយ​និង​ដើម​បណ្ដោយ​មែក ដែល​បែក​ទៅជុំវិញ​ដើម​ម្ខាង​និង​កម្ពស់​មែក​ទៅខាង​លើ​ចំនួន​មួយរយ​យោជន៍(១០០យោជន៍)។

ទំហំទ្វីប​ទាំង៤គឺ

ជម្ពូទ្វីប​និង​ស្ថាន​តាវត្តិង្ស, ស្ថាន​អសុរ, ស្ថាន​នរកអវិចី មាន​ទំហំ​មួយ​ម៉ឺន​យោជន៍ដូច​គ្នា (១០.០០០យោជន៍) អមរគោយានីទ្វីប​និង​បុព្វវិទេហទ្វីប មាន​ទំហំពីរ​ពាន់​យោជន៍ (២.០០០យោជន៍), ឧត្តរកុរុទ្វីប មាន​ទំហំ​ប្រាំបីពាន់​យោជន៍(៨.០០០យោជន៍)។ ទ្វីប​ទាំង​៤​នេះ ទ្វីប​នីមួយ​ៗ​មាន​ទ្វីប​តូចៗ​ប្រាំរយៗ​ជា​បរិវារ រួម​នៅ​ក្នុង​ចក្កវាឡមួយ ជុំវិញ ចក្កវាឡមាន​ភ្នំ​ធំ​វែង​ជុំវិញ ភ្នំនោះ​ចាក់ឫស​ចុះ​ទៅ​ក្នុង​មហា​សមុទ្រ​ជម្រៅ​ប្រាំបីម៉ឺនពីពាន់​យោជន៍ (៨២.០០០យោជន៍) ដុះខ្ពស់​ឡើង​លើ​មាន​កម្ពស់​ប្រាំបីម៉ឺន​ពីរពាន់​យោជន៍​ដែរ។

បញ្ជាក់​សេចក្ដី

លោក​ថា​លោកធាតុ​និង​ចក្កវាឡ ជាពាក្យ​មួយ គ្រាន់​តែ​ផ្សេង​គ្នា​ដោយ​សេចក្ដី​ប៉ុណ្ណោះទេ។ ក្នុង​លោក​ធាតុ​មួយឬ​ចក្កវាឡ​មួយ​មាន​ទ្វីប​ធំ​៤​ទ្វីបតូចៗ​៥រយ, មាន​ភ្នំ​សិនេរុ, ភ្នំ​សត្តបរិភណ្ឌ, ស្ថានសួគ៌​៦​ជាន់, ស្ថានព្រហ្ម, ស្ថាន​មនុស្ស​និង​ស្ថាន​នរក​ជាដើម ហើយ​មាន​ព្រះអាទិត្យ ព្រះចន្ទ។

ព្រះអាទិត្យ​នោះ​មាន​ទំហំ​៥០យោជន៍ ព្រះចន្ទ​មាន​ទំហំ​៤៩យោជន៍ ជា​វិមាន​ប្រាសាទ​របស់​សុរិយទេវបុត្រ​និង​ចន្ទ​ទេវបុត្រ, សង្ខារ​លោក​តាក់​តែង​ឡើង​សម្រាប់​បំភ្លឺ​លោក មាន​ប្រក្រតី​ដើរ​ប្រទក្សិណ​ភ្នំ​សិនេរុជានិច្ច ព្រះអាទិត្យ​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​ដើរ​បាន​មួយ​ជុំ​ភ្នំ​សិនេរុ, ព្រះចន្ទ​ដើរ​មួយ​ខែទើប​បាន​មួយ​ជុំ​ភ្នំ​សិនេរុ។ រួបរួម​សម្ភារៈ​ទាំង​អស់​ដូច​រៀបរាប់​មក​នេះ​ហៅ​ថា លោកធាតុ​មួយ​ឬ​ចក្រវាឡ​មួយ។


ដកស្រង់ចេញពីសៀវភៅ កប្បកថា